ចូលចិត្តទំនើប

Comments
0
3411 View

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និង​ផ្លូវជាតិ​លេខ48 ដែល​មាន​ផ្ទៃដី​សរុបប្រមាណ 10, 045គីឡូម៉ែត្រ​ការ៉េ។​ ផ្ទៃដី​សរុប​ត្រូវបាន​បែ​ងចែក​ ជា​ផ្ទៃដី​បង្កបង្កើន​ផល​ចំនួន 11, 433​ហិកតា​, ផ្ទៃដី​ព្រៃ​ភ្នំ និង​ព្រៃ​លិច​ទឹក​ចំនួន 502, 000ហិកតា​, ផ្ទៃ​ដី​សមុទ្រ 558, 000​ហិកតា និង​ផ្ទៃ​ដី​កោះ ចំនួន44, 567​ហិកតា នៃកោះ​សរុប​ចំនួន 23​កោះ។​ កោះកុង ​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ខេត្តពោធិ៍សាត់ ខាងត្បូង​ជាប់​នឹង​ខេត្ត​ព្រះសីហនុ ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ ខាង​លិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ប្រទេស​ថៃ។ រដ្ឋបាល​ខេត្ត រួមមាន 6ស្រុក គឺ1​ក្រុង​, 3សង្កាត់​, 26ឃុំ និង​116​ភូមិ និងមាន​ប្រជាជន​សរុប​ប្រមាណ 117, 481​នាក់ ស្មើនឹងប្រមាណ 24, 311គ្រួសារ ដែល​​ក្នុង​​នោះមាន 5​ជនជាតិ គឺ​ជនជាតិខ្មែរ​, វៀតណាម​, ចិន​, ឥស្លាម និង​ថៃ ប្រកបមុខ​របរ​ដោយ​ការ​នេសាទ​ ជួញដូរ​ ធ្វើស្រែ​ចំការ រក​ផល​អនុផល​ព្រៃឈើ​ និង​វារីវប្បកម្ម។​​

ខេត្ត​កោះកុង មាន​ស​ក្តានុពល​ធនធាន​ទេសចរណ៍​ជាច្រើនរួមមាន តំបន់​ដីគោក​(​ព្រៃភ្នំ​) ​ជួរ​ភ្នំក្រវាញ​, តំបន់​ឆ្នេរសមុទ្រ, តំបន់​ដីគោក មាន​​ទឹក​ធ្លាក់​ចំនួន9កន្លែង និង​ទឹកជ្រោះ​ជ្រលងអូរ​ព្រៃភ្នំ និង​សត្វព្រៃ។ តំបន់ឆ្នេរសមុទ្រ​ មាន​ប្រវែងប្រមាណ 234គីឡូម៉ែត្រ ចាប់ពី​តំបន់​ចាំ​យាម ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ដល់​ភូមិ​ជ្រោយ​ស្វាយ ​ព្រំប្រទល់ជាប់​នឹង​ខេត្ត​ព្រះសីហនុ មាន​កោះ​ចំនួន 23​កោះ ឆ្នេរខ្សាច់​ចំនួន 07ឆ្នេរ និង​ផ្កាថ្ម​បាត​សមុទ្រ​តាម​បណ្តា​កោះ ព្រម​ទាំង​ស្មៅ​សមុទ្រ។ ជាបទពិសោធន៍អេកូ​ទេសចរណ៍ ​និង​ទេសចរណ៍ធម្មជាតិ​ កោះកុង បាន​បង្កើត​ឱ្យមាន​សកម្ម​ភាព​​ទេសចរណ៍ ​និងដំណើរកម្សាន្តផ្សេងៗគ្នាដូច​ជា​ ៖ ការដើរកម្សាន្តតាម​ព្រៃភ្នំ​,​ ដើរតាម​តំបន់​ទឹក​ធ្លាក់​,​ ការដើរដោយ​ស្ពាយ​សាក់​កាដូ​, ការ​ទស្ស​នា​​ព្រៃកោងកាង​,​ ជិះទូក​ទស្សនា​ត្រី​ផ្សោត​សមុទ្រ និងព្រៃកោងកាង​,​ ការកម្សាន្តសប្បាយនឹង​ទេសភាព​ឆ្នេរសមុទ្រ, ​ទស្សនា​សត្វ​ស្លាប​, ហាល​ទឹក ឬ​អ៊ុំ​ទូក​កៃ​យ៉ាក់តាម​ព្រែក និង​តាម​ឆ្នេរសមុទ្រ​, ការ​ទស្សនា​សត្វ​ស្លាប(​ជ្រឹង​), ការដើរ​មើល​អំពិលអំពែក​តាមព្រៃកោងកាង​នាពេលយប់​, ទស្សនា​​ប្រជុំ​​កោះ​តូច​-​ធំ ផ្កា​ថ្មបាតសមុទ្រ ស្មៅ​សមុទ្រ ស្ទូចត្រី៘ ទស្សនា​សួនសត្វ (​កោះកុង​សា​ហ្វារី​វែល​) ​និងឆ្នេរ​ខ្សាច់​ចាំ​យាម​, ​ការ​ទស្សនាឡូត៍​ចិញ្ចឹម​​ខ្យង​ចំពុះទា​ និងតំបន់​ជីវៈចម្រុះ​ដ៏​សម្បូរបែបតាម​ព្រៃកោងកាង​ និងការ​បោះជំរុំទេសចរ​តាម​ព្រៃជាដើម។ ដោយឡែក សម្រាប់តំបន់រមណីយ​ដ្ឋាន ​ដែលប្រជាជានខ្មែរ ដ៏ដូចជាបណ្តាភ្ញៀវទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍ចូលចិត្តទៅកម្សាន្ត ជាងគេរួមមានដូចជា រមណីយដ្ឋាន​ព្រៃ​កោង​កាង​ បាងកាយ៉ាក ​ពាមក្រសោប ទឹកជ្រោះ​តាតៃ ទឹកជ្រោះ​តាប៉ន និង​តំបន់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា-ថៃ​ ចាំយាម។

បាងកាយ៉ាក​

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ឆ្នេរសមុទ្រ ​នៃ​ព្រៃ​កោងកាង​ ដែល​ស្ថិត​នៅក្នុង​ឃុំ-ភូមិ ​ពាមក្រសោប ​ស្រុក​មណ្ឌលសីមា ​ខេត្ត​កោះកុង​ និង​​មាន​​ផ្ទះសំណាក់​លម្ហែកាយ​តាម​របៀប​ម៉ូតែល​ ដោយ​ផ្ទះ​នីមួយៗ​នៅ​ដាច់​ពី​គ្នា​ ខ្លះ​មាន​មួយបន្ទប់​ ​ ខ្លះ​មាន​ពីរ​បន្ទប់​សង់​ឡើង​នៅលើ​ផ្ទៃទឹក ​តាម​ចន្លោះ​​ដើម​កោងកាង​ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ ទូទឹកកក​ទៀត​ផង​។​ ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ជាង​នេះ នៅពេល​រាត្រី​ចូល​មក​ដល់​ ពិសេស​នៅ​​រដូវ​​ប្រាំង ភ្ញៀវទេសចរ​ទាំងឡាយ ​​ដែល​ភាគច្រើន​ជា​ជនបរទេស ក្រៅពី​ទស្សនា​នៅពេល​ថ្ងៃ​រួច​ហើយ​នោះ ​នៅពេល​រាត្រី​គេ​នឹង​នាំគ្នា​ជិះ​ទូក​កាត់ ​ព្រៃ​កោងកាង​មើល​ពន្លឺ​អំពិល​អំពែក​​ ហាក់បី​ដូច​ហ្វូង​តារា​រយពាន់​នៅលើ​មេឃ​ ដែល​ទិដ្ឋភាព​បែប​នេះ​កម្រ​បាន​ឃើញ​ណាស់​ ពោល​គឺ​មាន​នៅ​តែ​បាង​កាយ៉ាក​មួយ​គត់។

ព្រៃកោងកាង

រមណីយដ្ឋាន​ព្រៃ​កោងកាង​ នៅ​ជាប់​គ្នា​នឹង​ផ្ទះ​សំណាក់​លម្ហែ​បាងកាយ៉ាក​។ នៅ​ទី​នោះ​គេ​បាន​ធ្វើ​ស្ពាន ​ថ្មើរជើង​បេតុង​តូច​មួយ​ប្រវែង​ 1, 000ម៉ែត្រ ​នាំ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ ​នៃបឹង​កាយ៉ាក​។​ តាម​ដងស្ពាន​គេនឹងបាន​ឮ​សំឡេង​ បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ​ លាយ​​ឡំ​​នឹង​សំឡេង​សត្វ​ស្វា​លោត​ចុះ​លោត​ឡើង​ និង​ទស្សនា​កូន​ក្តាម​ ខ្យង​ វាររវើក​ក្រោម​ឫស​កោងកាង​ និង​កូនត្រី​សមុទ្រ​ហែល​ប្រដេញ​គ្នា​លេង​។ មាន​កន្លែង​សម្រាក​កម្សាន្ត​រាប់​សិបកន្លែង ​ត្រូវ​បាន​សាងសង់​ប្រប​តាម​ស្ពានថ្មថ្មើរ​ជើង​ ទំហំ ​1ម៉ែត្រ​ ដែល​អាច​ឱ្យ​ភ្ញៀវទេសចរ​ សម្រាក​ស្រូប​យក​ខ្យល់​​អាកាស​បរិសុទ្ធ​ និង​មើល​សត្វ​ព្រៃ​នានា​។ នៅឯ​ចុង​ស្ពាន​មាន​ស្ពានយោល​មួយ​ ដែល​ចម្លង​ភ្ញៀវ​ទៅ​​ដល់​ប៉ម​មួយ​ទៀត​ មាន​កម្ពស់​ 15ម៉ែត្រ​ សម្រាប​ទស្សនា​សម្រស់​ធម្មជាតិ​ព្រៃ​កោងកាង​ និង​ស្ពាន​ក្នុង​ព្រៃ​កោងកាង​ ព្រមទាំង​ដង​អូរ​នានា​។

ទឹកជ្រោះតាប៉ន

ទឹកជ្រោះ​តាប៉ន​ ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ​48 មាន​ចម្ងាយ​ជាង ​5គីឡូម៉ែត្រ​ ពី​ទីប្រជុំជនក្រុងខេមរភូមិន្ទ​ ទី​នោះ​ជា​អតីត​តំបន់​ដាំ​កញ្ឆា មាន​ឈ្មោះ​ពិត “តាម៉ាន​”។ នៅ​ក្រោយ​ទសវត្សរ៍​ឆ្នាំ ​1980 តំបន់នេះមាន​មន្ត្រីយោធា​ម្នាក់​បានទៅចាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​បាន​សាងសង់​ផ្លូវ​​ជាតិ​លេខ​ 48​ ដែល​ធ្វើ​ឆ្លងកាត់​ត្រង់​ចំណុច​នោះ ​ក៏​រៀបចំ​អភិវឌ្ឍ​ធ្វើ​ជា​កន្លែង​ងូតទឹក​កម្សាន្ត​។ បច្ចុប្បន្ន​ទី​នោះ ​ក៏​ទទួល​បាន​ការ​ពេញ​និយម​​ខ្លាំង​ណាស់​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

តាតៃ

រមណីយដ្ឋាន​ធម្មជាតិ តាតៃ ស្ថិត​នៅ​ភាគ​ខាង​កើត​ទីប្រជុំជន​ខេត្ត​ក្រុង​កោះកុង​ និង​ភាគ​ខាង​ត្បូង​ភ្នំ​ក្រវាញ​ ហើយ​ទី​នោះ​ក៏​ជា​ចំណុច​កណ្ដាល​រ​វាង​ទីក្រុង​​ភ្នំពេញ​ និងបាងកក​ផង​ដែរ​។​ រមណីយដ្ឋាន​នេះស្ថិត​នៅលើ​ស្ទឹង​បែក​ជា4 អម​ជាមួយ​នឹង​សម្រស់​ធម្មជាតិ ​ស្រស់​ឆើតឆាយ​នៃ​ដង​ទន្លេ​កាច់កុង​ពត់ពេន​ ធ្វើ​ឱ្យភ្ញៀវ​ទេសចរ​គយគន់​ មិន​ចេះ​ធុញទ្រាន់​គ្រប់​ពេលវេលា​ដូចជា ​អ័ព្ទ​ប៉ប្រះ​ទឹក​នៅ​ពេល​ព្រឹក​ បញ្ចេញ​រស្មី​សុរិយា​ក្រហម​ទុំ​​ដុត​បញ្ឆេះ​រាត្រី​អន្ធការ​ឱ្យមាន​ពន្លឺ ​និង​ជា​កន្លែង​ស្ងប់សុខ​ សម្រាប់​អ្នក​ចង់​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការងារ។ ​ជាមួយ​នឹងសម្រស់​ធម្មជាតិ​ ដ៏​ទាក់ទាញ​ រមណីយ​ដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ តាតៃ ក៏​ត្រូវ​បាន​ភ្ញៀវទេសចរ​ភាគច្រើន​ប្រសិទ្ធនាម​ថា ជា​រមណីយដ្ឋាន​ឋានសួគ៌​ ដ៏​ប្រពៃ​នៃ​ទេសចរនិយម​ការ​ផ្សង​ព្រេងផងដែរ។

KokKong-03

ពាមក្រសោប

ភូមិ​ពាមក្រសោប​ ស្ថិត​នៅក្នុង​សង្កាត់​កោះ​កាពិ​ ស្រុក​កោះកុង​ ខេត្ត​កោះកុង​ នា​ទិស​ទក្សិណ​នៃទីក្រុងខេមរភូមិន្ទ​ ចម្ងាយ​ប្រហែល​ 10​​គីឡូ​ម៉ែត្រ​។ ទី​នោះ​មិនមាន​ទេសភាព​អ្វី​ប្លែក ​ក្រៅពី​គេហដ្ឋាន​របស់​ប្រជា​នេសាទសង់​ជា​ពីរ​ជួរ​ អម​មាត់ព្រែក​ ជាមួយ​នឹង​ឧបករណ៍​នេសាទ​ ដែល​នៅ​​អម​ផ្ទះ​នោះ​ឡើយ​។ ទីធ្លា​ភ្ជាប់ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​សុទ្ធ​តែ​ស្ពាន​ទាំងអស់​។ ​នៅ​ក្រោម​ផ្ទះ​ ពុំ​ប្រាកដ​ជា​ទឹក​ ឬ​គោក​ទេ​ ព្រោះ​ធម្មតា​ទឹកសមុទ្រ​តែង​តែ​មាន​ជោរនាច​ បើ​ពេល​ទឹក​ជោរ​មាន​ទឹក​ កម្ពស់​ពីកន្លះម៉ែត្រ​ទៅ 1ម៉ែត្រ បើ​ពេល​ទឹក​នាច​វិញ​គឺ​ដីគោក​ ឬ​មាន​ទឹក​រហែលៗ​តាម​កន្លែង​ជ្រៅ ​រាក់​។ នៅ​មុខ​ផ្ទះ​ មាន​ដៃសមុទ្រ ​និង​តួ​ព្រែក​ នៅ​ក្រោយ​ផ្ទះ​មាន​ព្រៃ ​ដែល​ដុះ​សុទ្ធ​តែ​ដើម​កោងកាង​។ ប៉ុន្តែ​ទោះ​ជា​ទិដ្ឋភាព​នៅ​ទី​នោះ​ សាមញ្ញ​យ៉ាង​នេះ​ក៏​ដោយ ភ្ញៀវ​ក៏​មិន​ដែល​រំលង​ដែរ។

ច្រកចាំយាម

នៅ​ច្រក​អន្តរជាតិ​កម្ពុជា-ថៃ​ ច្រកចាំយាម ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឆ្លងកាត់​កាន់តែ​ច្រើន​ឡើង។ នៅ​ទី​នោះ​ក៏​​​​មាន​រមណីយដ្ឋាន​មួយ​ដ៏​ទាក់ទាញ​ផងដែរ គឺ​រមណីយដ្ឋាន​ចាំយាម ​មាន​ចម្ងាយ 10​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ​ ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ​ និង​កែច្នៃ​បង្កើត​ឡើង​នៅ​ឆ្នាំ​1997​។ ​នៅ​ទីនោះ​មាន​ទេសភាព​ស្រស់​ស្អាត​ និង​មាន​សួន​សត្វ​ផង​ដែរ ​ដែលភ្ញៀវ​ទេសចរ​អាច​កម្សាន្ត​​បានយ៉ាង​រីករាយ ជាពិសេស គឺសួនសត្វចម្រុះ កោះកុងសាហ្វារីវើល ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃតែម្ដង៕

KokKong-09

KokKong-07

KokKong-04

KokKong-02

KokKong-01

អត្ថបទអ្នកចង់អាន

  • រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត...

    ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018
    ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះ...
  • ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

    ដោយ: ភារុន 8 AM, Tuesday, 13 Nov, 2018
    សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយ គឺភាគច្រើនសត្វដំរីប្រភេទនេះអាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកស...
  • ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំ...

    ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018
    នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ...
  • ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែល...

    ដោយ: ភារុន 8 AM, Friday, 09 Nov, 2018
    ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រព...