ចូលចិត្តទំនើប

ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំអ្នកទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក។

Nayara Springs
ទទួលបានបទពិសោធន៍រស់នៅជាមួយព្រៃពិតៗ នៅក្នុងសណ្ឋាគារដែលសង់ឡើងស្ថិតនៅចំកណ្តាលបេះដូងនៃធម្មជាតិ។ រីករាយកំសាន្តជាមួយអាងហែលទឹកដ៏ធំ លាតសន្ធឹងចូលក្នុងព្រៃ ខណៈដែលអ្នកកំពុងហែលទឹក ឬសម្រាកនៅក្នុងទឹកថ្លាឆ្វង់ អ្នកនឹងបានទស្សនាទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាល និងបក្សាបក្សីហោះហើរពីក្នុងព្រៃ។ អ្នកអាចរីករាយជាមួយការកំសាន្តនៅខាងក្រៅ ជាមួយការស្ប៉ា និងសូណា។ សណ្ឋាគារនេះមានស្ពានកម្ពស់ 76 ម៉ែត្រខ្ពស់កប់ចុងឈើ ដែលជាកន្លែងភ្ជាប់តែមួយគត់ពីសណ្ឋាគារទៅពិភពខាងក្រៅ។ អ្នកអាចស្រមៃអំពីភាពស្ងប់ស្ងាត់ និងសន្តិភាពដែលអ្នកអាចទទួលបាននៅទីនេះ។

Aria Hotel
នេះជាសណ្ឋាគារសង់ឡើងដើម្បីបង្កើតនូវបទពិសោធន៍ដ៏ថ្កុំថ្កើងនៃការរស់នៅក្នុងរាជវាំងហុងហ្គារី ដ៏អស្ចារ្យ ដែលសក្តិសមនឹងមនុស្សចូលចិត្តសិល្បៈ។ ការរចនាតុបតែងត្រូវបានធ្វើឡើងយកតម្រាប់តាមទស្សនទានតន្រ្តី ព្រមគ្នាជាមួយការផ្តល់នូវឯកជនភាព និងផាសុកភាព។ សណ្ឋាគារនេះមាន 4 ផ្នែកខុសៗគ្នា ចែកចេញជា The Classical Music Wing តុបតែងជាមួយចង្កៀងរំយោលកែវ និងគំនូរវីយ៉ូឡុងត្បាញ។ The Jazz Wing យកលំនាំតាមតារា Jazz របស់ហូលីវូដ ចាប់ពីពិដានតំរៀបថ្ម រហូតដល់តុសរសេរម៉ូដ Trunk-Style និងចំណាយពេលរាត្រីហ៊ុំព័ទ្ធទៅដោយតារាចម្រៀង Mile Davis និងគ្រែប្រភេទ B.B King។ The Opera Wing ជាបន្ទប់ស្នាក់បែបស៊ីវិល័យនៃការតុបតែងពីកញ្ចក់ Velvet និងការលាបពណ៌ដ៏ទាក់ទាញ។ The Contemporary Wing មានពណ៌ដ៏ភ្លឺចិញ្ចាច រចនាបទដ៏ស្រស់ស្រាយ និងមានគ្រែមានក្បាំងរចនាយ៉ាងពិសេស ដែលអ្នកអាចទទួលបានអារម្មណ៍ដូច Prince of Pop ឈរនៅកៀកបង្កើយ។

Riad Kniza
បើអ្នកធ្លាប់ទៅលេងប្រទេសម៉ារ៉ុក អ្នកនឹងមិនអាចស្វែងរកទីកន្លែងណាស្នាក់នៅល្អដូចនៅទីនេះឡើយ ដែលរចនាម៉ូដតុបតែងឡើងវិញជាមួយរសជាតិបែបបូរាណដ៏ប្រណិតនៃប្រពៃណីម៉ារ៉ុក រចនាពាសពេញផ្ទៃសណ្ឋាគារ។ បន្ថែមនូវសោភណ្ឌភាពដ៏អស្ចារ្យ អ្នកក៏នឹងបានភ្លក្សរសជាតិម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់នៅក្នុងបន្ទប់ Moroccan Saloon ដ៏កក់ក្តៅ ឬក្រោមពន្លឺព្រះចន្ទនៅក្នុង Roof Terrace។ នៅទីនេះមានតុតែ 9 ប៉ុណ្ណោះ ដែលធានាផ្តល់នូវបរិយាកាសដ៏ស្ងប់ស្ងាត់សម្រាប់អ្នក។

Mandapa, A Ritz-Carlton Reserve
សណ្ឋាគារនេះស្ថិតនៅលើកោះបាលី ដែលជាទីក្រុងនាំមកនូវភាពស្ងប់សុខ និងការសម្រាកលំហែ ដ៏ស្ងៀមស្ងាត់។ អ្នកនឹងទទួលអារម្មណ៍ដូចស្ថិតនៅក្នុងប្រាសាទបូរាណ និងទទួលបាននូវការសមាធិដ៏ស្ងប់សុខជាច្រើនប្រភេទ។ អ្នកអាចក្រេបរសជាតិភេសជ្ជៈ និងទស្សនាទេសភាពព្រៃប្រឹក្សានៅក្នុងវីឡាដាច់ដោយឡែកពីគ្នា ដែលមានសួនច្បារ និងអាងហែលទឹករៀងៗខ្លួន។ ឬអ្នកអាចទទួលទានអាហារក្រោមបរិយាកាសបែបប្រពៃណី ឬជ្រើសយកកន្លែងដាច់ពីគេនៅតាមមាត់ទឹក ឬ Lumbung ឬទស្សនាវាលស្រែ។

Hotel The Serras
អគារដ៏ប្រណិតសង់ឡើងតាំងពីឆ្នាំ 1846 ដែលជាស្នាដៃរបស់ស្ថាបត្យករតែមួយដែលសាងសង់ Placa Reial Francesc Daniel ដ៏ល្បីល្បាញក្នុងទីក្រុង Barcelona។ ហើយនេះក៏ជាកន្លែងតែមួយដែល Pablo Picasso ទទួលបាន Studio ដំបូងនៅក្នុងវ័យ 15 ឆ្នាំផងដែរ។ យើងអាចបរិយាយសណ្ឋាគារនេះតែត្រឹមពាក្យមួយមាត់គឺ សិល្បៈ។ វារចនានូវបទពិសោធន៍ដ៏ពិសេសនៃ Rooftop Terrace ការហែលទឹកក្រោមពន្លឺព្រះអាទិត្យ និងទស្សនាទេសភាពកំពង់ផែ Port Vell Marina រីករាយជាមួយភេសជ្ជៈនៅ Sky Bar នៅក្នុង Cocktail Pool និងទទួលទានអាហារដ៏ឆ្ងាញ់ពិសា។ លក្ខណៈដ៏ពិសេសគឺអ្នកនឹងទទួលបានអ្នកគ្រប់គ្រងមួយរូបផ្តល់នូវសេវាកម្មគ្រប់បែបយ៉ាងសម្រាប់ការស្នាក់នៅ។

Kandolhu Maldives
នេះជាវីឡាស្នាក់នៅចំនួន 30 ខ្នង ដែលរួមបញ្ចូលនូវធម្មជាតិ និងសម្រស់នៃការស្ថាបត្យកម្មទាន់សម័យ និងផាសុកភាព។ សណ្ឋាគារនេះសង់ឡើងនៅចុងកោះ ដែលមានឆ្នេរខ្សាច់នៅចំកណ្តាលផ្ទៃទឹកខៀវស្រងាត់ថ្លាឆ្វង់ និងកណ្តាលធម្មជាតិពណ៌បៃតង។ សណ្ឋាគារនេះមានភោជនីយដ្ឋាន 4 ប្រភេទខុសៗគ្នា និងមានជម្រើសកន្លែងស្នាក់នៅបែប Pool Villa, Ocean Villa ឬអាចយកបានទាំងពីរប្រភេទរួមបញ្ចូលគ្នា។ វាក៏មានសេវាកម្មកំសាន្តលើទឹកជាច្រើនទៀតផងដែរ។

Lindos Blu
វាត្រូវបានសាងសង់ឡើងដូចជា Amphitheatre នៅលើកូនភ្នំ ផ្តល់នូវទេសភាពឆ្នេរ Vicha Bay ដ៏ស្រស់ស្អាត។ វាជាសណ្ឋាគារថ្នាក់ផ្កាយ 5 ផ្តល់នូវការសម្រាកលំហែសម្រាប់តែមនុស្សវ័យជំទង់ប៉ុណ្ណោះ។ វាសាងសង់ឡើងជាមួយផ្លូវដើរឆ្ពោះទៅកាន់ឆ្នេរខ្សាច់ វីឡា និង Maisonetts ជាមួយនឹងអាងហែលទឹកផ្ទាល់ខ្លួន។ វាក៏មានភោជនីយដ្ឋានចំនួន 2 និង Penthouse Sun-Terrace ចំនួនមួយ។

Burj Al Arab Jumeirah
វាស្ថិតនៅក្នុងអគារមានរាងដូចក្តោងទូក ដែលជានិមិត្តរូបរបស់ទីក្រុង Dubai ដែលមានបន្ទប់ស្នាក់នៅចំនួន 202 បន្ទប់ ស្ថិតនៅលើកោះសិប្បនិមិត្តលាតសន្ធឹងចូលក្នុងឆ្នេរ Jumeriah និងភ្ជាប់ទៅនឹងដីគោកដោយស្ពានរាងកោង។ រាងរបស់អគារនេះមានលក្ខណៈពិសេសដាច់ពីគេ ព្រមជាមួយនឹងសេវាកម្មនៅទីនេះផងដែរ។ សណ្ឋាគារនេះផ្តល់នូវសេវាកម្មដ៏ប្រណិត ដែលផ្តល់ឱ្យអ្នកនូវឱកាសជិះទូក Submarine Voyage ដែលនាំអ្នកទៅពិសាអាហារក្នុងសណ្ឋាគារក្រោមផ្ទៃទឹក មានរថយន្ត Rolls Royces ចាំស្វាគមន៍ភ្ញៀវ ក៏ដូចជាឧទ្ធម្ភាចក្រផងដែរ។ ជញ្ជាំងសណ្ឋាគារប្រណិតជាមួយផ្ទាំងរូបភាពធ្វើពីសូត្រ និងមានស្លឹកឈើធ្វើពីមាសទម្ងន់ 24 carat គ្រប់ដណ្តប់លើផ្ទៃ 2,000 ម៉ែត្រក្រឡា។ កាន់តែអស្ចារ្យ អ្នកអាចក្រេបរសជាតិ Cappuccino រំលេចជាមួយមាសចាំងរំលេចផងដែរ៕

អត្ថបទអ្នកចង់អាន

  • ទិសដៅទេសចរណ៍កំពូលៗទាំង 5 នៅកម្ពុជា

    ដោយ: ភារុន 9 AM, Tuesday, 18 Sep, 2018
    កម្ពុជាត្រូវបានគេស្គាស់ថាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានល្បីល្បាញដោយសារជាប្រទេសដែលសម្បូរទៅដោយប្រាសាទបូរាណជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកពីអាស៊ីអាគ្នេយ៍ និង តំបន់ផ្សេងៗទៀតជាច្រើន។ ខាងក្រោមនេះគឺជាទិសដៅទេសចរណ៍កំពូលៗទាំង 5 ដ...
  • ព្រៃដ៏ស្អាតបំផុតទាំង 10 នៅលើពិភពលោក

    ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018
    កាលដើមឡើយមនុស្សរាប់លានអ្នកទូទាំងពិភពលោកពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើជាអាហារ ឱសថ និងទីជម្រក។ ហើយវប្បធម៌នៃ សហគមន៍និមួយៗត្រូវបានបង្កើតឡើងដោយសារទំនាក់ទំនងរវាងមនុស្ស និង ព្រៃឈើ។ ភាពស្រស់ស្អាតនៃព្រៃភ្នំ គឺជាទស្សនីយភាពដ៏អស្ចារ្យ មួយដែលធ...
  • 5 ទិសដៅដ៏សំខាន់ដែលអ្នកគួរមកទស្សនានៅក្នុងទីក្រុង...

    ដោយ: ភារុន 9 AM, Friday, 14 Sep, 2018
    ទីក្រុង ឬ ហៅថារាជធានី របស់ប្រទេសកម្ពុជា ដែលមានប្រជាជនមកប្រមូលផ្តុំគ្នារស់នៅច្រើនបំផុត នោះគឺទីក្រុង ភ្នំពេញ។ ទីក្រុងភ្នំពេញក៏មានប្រវត្តិសាស្រ្តដ៏យូរយារណាស់មកហើយ។ ស្ថាបត្យកម្មរបស់ទីក្រុងដ៏ទាក់ទាញ និង តំបន់ជាយក្រុងដែលអ្នកមិនសូវបាន...
  • អគារមហិមាទាំង 5 នៅក្នុងលោក

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    ការធ្វើដំណើរជុំវិញពិភពលោក នាំអ្នកឱ្យស្គាល់អ្វីៗប្លែកៗជាច្រើន ដែលភាគច្រើនជានិមិត្តរូបតំណាងឱ្យទីកន្លែងទាំងនោះ។ អ្វីដែលស្រូបទាញអារម្មណ៍របស់អ្នកទាំងអស់នោះគឺបង្កើតឡើងពីគំនិតច្នៃប្រឌិតរបស់មនុស្ស ហើយនៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្...