ចូលចិត្តទំនើប

ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោតភ្នំ ដែលប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនាមហាយាន មានជំនឿលើទេវតា និងវត្ថុសក្តិសិទ្ធិនានា នៅក្រោមការគ្រប់គ្រងរបស់រាជវង្ស Wangchuck។ ទេសភាពដ៏ស្រស់ស្អាត គឺជារូបភាពដ៏ល្អឥតខ្ចោះជាមួយទេសភាពភ្នំដ៏អស្ចារ្យរំលេចឡើង នៅតាមជ្រលងភ្នំដែលមានរូងភ្នំចរិកដោយលំហូរទឹក។
ប្រជាជនក្នុងប្រទេសនេះ នៅតែប្រើប្រាស់សម្លៀកបំពាក់បូរាណតំណាងជាតិ ជាសម្លៀកបំពាក់ប្រចាំថ្ងៃ ពោរពេញដោយមោទនភាព និងជោគជ័យ ត្រូវបានវាស់វែងតាមរយៈ Gross National Happiness Index ព្រោះនៅទីនេះសុខុមាលភាពរបស់ប្រជាជន គឺជាកត្តាដ៏សំខាន់បំផុត។
ប៊ូតាន់គឺជាប្រទេសមួយ ដែលពុំសូវមានការផ្សព្វផ្សាយពីទេសចរណ៍ និងមានការវិវត្តយឺត។ ប្រព័ន្ធ អ៊ីនធឺណេតមានវត្តមាននៅទីនេះក្នុងឆ្នាំ 1999 ហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស នៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-06
Thimphu រាជធានីរបស់ប៊ូតាន់
នេះជារាជធានីមួយ ដែលគ្មានអគារខ្ពស់កប់ពពក ឬចរាចរណ៍កកកុញដែលធ្វើឱ្យទីក្រុងបាត់បង់ សោភណ្ឌភាពឡើយ។ នៅក្នុងទីក្រុងនេះមានរង្វង់មូលដ៏តូចមួយ ដែលមានរូបទេពធីតាជាច្រើនអង្គ ខណៈដែលប៉ូលីសសម្រួលចរាចរណ៍ដោយធ្វើប្រើប្រាស់កាយវិការ ជំនួសឱ្យភ្លើងសញ្ញាចរាចរណ៍ ។ នៅក្នុងទីក្រុងមានតំរុយ អំពីការជ្រៀតចូលនៃទំនើបកម្មបន្តិចម្តងៗ ជាមួយនឹងសំនង់ អគារថ្មី ប៉ុន្តែវាស្ថិតក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងដោយរដ្ឋាភិបាល ដែលទាមទារឱ្យសំនង់អគារទាំងនោះ រក្សានូវប្រពៃណីរបស់ប៊ូតាន់។ នៅលើកំពូលភ្នំខ្ពស់ជាងគេនៅក្នុងទីក្រុង មានរូបបដិមាព្រះពុទ្ធរូបដ៏៏ធំ ទំហំ 51.5 ម៉ែត្រ ឆ្លាក់ពីស្ពាន់ និងលាបពណ៌ទឹកមាស ដែលជាតំណាងឱ្យវិញ្ញាណដ៏ភ្លឺ ត្រចះត្រចង់របស់ប្រជាជន។ Dzong គឺជាបន្ទាយមួយប្រភេទ ដែលនឹងឃើញមានគ្រប់ទីកន្លែងនៅក្នុងប្រទេស។ វាត្រូវបានសាងសង់ឡើងតាំងពីសម័យបូរាណ ដើរតួជាបន្ទាយ និងវត្តអារាម។ បច្ចុប្បន្ននេះវាត្រូវបានប្រើប្រាស់ជាទីវត្តអារាម និងការិយាល័យរដ្ឋបាលរបស់រដ្ឋ។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-07
ស្រុក Punakha បេះដូងរបស់ប៊ូតាន់
ធ្វើដំណើរទៅកាន់ស្រុក Punakha ជាទីក្រុងចំណាស់ និងជាបេះដូងរបស់ប្រទេសប៊ូតាន់។ ផ្លូវធ្វើ ដំណើរទៅកាន់ស្រុកមួយនេះ ជាផ្លូវដ៏តូចកាន់តាមជ្រលងភ្នំ។ សម្រស់ធម្មជាតិនៅទីនេះ ពិតជាស្រស់ស្អាត គ្មានអ្វីប្រៀបផ្ទឹម ដែលលេចឡើងនៅតាមបណ្តោយផ្លូវ។ ទង់របស់អ្នកបន់ស្រន់ក៏ត្រូវបានចងគ្រប់ទីកន្លែង ដើម្បីឧទ្ទិសបួងសួងទៅកាន់ឋានសួគ៌។ ប្រាសាទ Palace of Great Happiness ត្រូវបានសង់ឡើងតាំងពីឆ្នាំ 1637 ដោយ Zhabdrung Ngawang Namgyal។ គាត់ គឺជាព្រះសង្ឃឡាម៉ាមកពីទីបេ ដែលបានរួបរួមប៊ូតាន់ទៅជារដ្ឋតែមួយ និងបានបញ្ចូលនូវអត្តសញ្ញាណវប្បធម៌ដ៏ពិសេសមួយ។ ប្រាសាទដ៏រឹងមាំមួយ មានរូបចម្លាក់អនុស្សាវរីយ៍ដ៏រុងរឿង បង្កប់ ជាមួយសិល្បៈ និងចម្លាក់នានា និងជាទីកំណើតនៃវត្ថុបូរាណដ៏ពិសិដ្ឋបំផុត មានឈ្មោះថា Ranjung Karsapani និងជាកន្លែងតម្កល់ធាតុ Zhabdrung ផងដែរ។ ប្រាសាទដ៏ល្បីល្បាញជាង គេនៅក្នុងស្រុកនេះគឺប្រាសាទ Chimi Lhakhang ជាកន្លែងសក្ការៈបូជារបស់ស្រ្តី ដែលបួងសួងសុំ កូន។ អ្នកនឹងធ្វើដំណើរកាត់តាមវាលស្រែដ៏ធំល្វឹងល្វើយ ដែលផ្ទះនីមួយៗមានបិទរូបសក្ការៈនៅលើជញ្ជាំង ដើម្បីសុំក្តីសុខ។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-05
ជ្រលង Phobijkha
នេះជាតំបន់ជ្រលងភ្នំដ៏ស្រស់ស្អាត និងទាក់ទាញ ជាមួយនឹងជ្រលងភ្នំធំល្វឹងល្វើយរំលេចឡើងជាមួយជួរភ្នំខ្ពស់ទាប។ នេះជាតំបន់ដីលិចទឹកដ៏ធំមួយ ដែលជាទីជម្រករបស់សត្វក្រៀល ក ខ្មៅដ៏កម្រ ធ្វើដំណើរពីគ្រប់ទិសទីនៅក្នុងរដូវរងារ។ នេះជាកន្លែងដែលពពួកសត្វស្លាបប្រភេទនេះស្នាក់នៅ ដែលភាគច្រើនសត្វទាំងនោះធ្វើដំណើរមកពីឧបទ្វីបទីបេនៅចុងខែតុលា រហូតដល់ពាក់កណ្តាលខែកុម្ភៈ។ អច្ឆរិយភាពនៃធម្មជាតិត្រូវបានអបអរសាទរ ជាមួយពិធីបុណ្យ Black-Necked Crane Festival នៅក្នុងខែវិច្ឆិកាជារៀងរាល់ឆ្នាំជាមួយរបាំប្រពៃណី Crane Dance ច្រៀងចម្រៀង និងការសម្តែងល្ខោន នៅក្នុងវត្ត Gangtey។ វត្តបូរាណមួយនេះស្ថិតនៅកំពូលភ្នំខ្ពស់ជាងគេ បង្ហាញនូវទេសភាពមើលពីទីខ្ពស់ឃើញជ្រលងភ្នំដ៏ស្រស់ស្អាត និងជាសាលាបែបព្រះពុទ្ធសាសនា និងមានរូបគំនូរសាសនាដ៏ល្អវិចិត្រ។ ប្រជាជននៅទីនេះនិយាយថា សត្វក្រៀលដែលធ្វើ ដំណើរមកដល់ទីនេះតែងហោះហើរក្រឡឹងបីជុំពីលើទីវត្ត មុនពេលវាចុះទៅកាន់តំបន់ដីលិចទឹកនៅក្បែរនោះ និងធ្វើដូចគ្នាមុនពេលពួកវាហើរត្រឡប់ទៅវិញ ដូចជាសម្តែងពីការគោរពចំពោះវត្ត Gangtey។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-04
ស្រុក Bumthang
នេះជាស្រុកមួយដែលស្ថិតនៅចំកណ្តាលប្រទេសប៊ូតាន់ ជាកន្លែងបេះដូងនៃសាសនាជាតិ និងជា ទីកំណើតនៃប្រាសាទចំណាស់ៗមួយចំនួន និងបន្ទាយ Dzong នៅក្នុងប្រទេស។ Jakar ជាតំបន់ តូចមួយដែលគ្របដណ្តប់ដោយជ្រលងភ្នំដ៏ធំល្វឹងល្វើយ និងជាទីកន្លែងកំណើតរបស់ប្រាសាទ Jambay Lhakhang ជាប្រាសាទដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេស សង់ឡើងក្នុងសតវត្សន៍ទី7 ឧទ្ទិសដល់ព្រះ Maitreya Buddha។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-03

ដំណើរទៅកាន់ Tiger’s Nest
ការធ្វើដំណើរឡើងទៅកាន់ Taktsang Lhakhang ដែលប្រែមកថា Tiger’s Nest ជាទីដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេស និងជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតនៅប៊ូតាន់។ រឿងព្រេងនិទាន បានដំណាលពីព្រះគ្រូ Guru Rinpoche បានហោះទៅកាន់តំបន់ភ្នំ នៅពីក្រោយតំបន់សត្វខ្លានៅក្នុងសតវត្សន៍ទី 7 ជាពេលដែលទីនេះជាតំបន់ ដែលពោរពេញទៅដោយសត្វកំណាចមកយាយីមនុស្ស។ គាត់បានតាំងសមាធិ នៅក្នុងរូងភ្នំអស់រយៈពេលបីឆ្នាំ បីខែ និងបីថ្ងៃ ដើម្បីបណ្តេញវិញ្ញាណបិសាចរស់នៅក្នុងរូងភ្នំ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងជាលើកដំបូងក្នុងឆ្នាំ 1692 សម្រាប់បម្រើជាទីសក្ការៈ និងជាទីសម្រាប់ការធ្វើធម្មយាត្រានៃបព្វជិតពុទ្ធសាសនា ព្រះសង្ឃ និង អ្នកមានជំនឿ ព្រមទាំងភាគច្រើនជាភ្ញៀវទេសចរណ៍។ ភ្នំនេះមានកម្ពស់ខ្ពស់ជាង 3,120 ម៉ែត្រ និងមានប្រាសាទស្ថិតនៅចម្ងាយ 900 ម៉ែត្រពីកន្លែងចតឡាន។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-02

ផ្លូវធ្វើដំណើរស្ថិតនៅតាមជ្រលង ភ្នំដ៏ចោត ស្ថិតនៅលើច្រកផ្លូវភ្នំតូចៗ នៅពីលើជ្រលងភ្នំពណ៌ខៀវស្រងាត់។ បន្ទាប់ពីបានឃើញអាហារដ្ឋានមួយនៅពាក់កណ្តាលផ្លូវ អ្នកនឹងបានទៅដល់ចំណោតភ្នំដ៏ខ្ពស់ ធ្វើដំណើរទៅកាន់ទីដ្ឋានគយគន់ទេសភាព ជាកន្លែងដែលមានផ្លូវវែងអន្លាយចុះទៅដល់ស្ពានដែក ឆ្លងកាត់ទឹកជ្រោះ និងផ្លូវធ្វើដំណើរដ៏វែងឆ្ងាយទៀត នាំអ្នកទៅកាន់ប្រាសាទ។ នៅតាមដងផ្លូវមានចងទង់ចម្រុះពណ៌របស់អ្នក បួងសួងបក់រវិចតាមកម្លាំងខ្យល់។ នៅគ្រប់ Dzong និងប្រាសាទទាំងអស់ អ្នកត្រូវដោះស្បែកជើងចេញ មុនពេលចូលទៅខាងក្នុង ហើយការថតរូបត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ កាមេរា និងទូរសព្ទដៃត្រូវបានរក្សាទុកនៅកន្លែងត្រួតពិនិត្យនៅច្រកចូលទៅកាន់ប្រាសាទ។
សរុបមក ប្រទេសប៊ូតាន់ គឺជាដំណើរផ្សងព្រេងលើអ្នក ដែលមានជំនឿមុតមាំលើសាសនា និងដំណើរទៅក្នុងព្រៃដ៏អាថ៌កំបាំងនៃ Shangri-La។
កំណត់ចំណាំ៖
អ្នកអាចទៅដើរលេងនៅប៊ូតានបាន លុះត្រាតែអ្នកបានរៀបចំទុកជាមុន ជាមួយក្រុមហ៊ុនទេសចរណ៍ ក្នុងតម្លៃចាប់ពី $200 ក្នុងមួយថ្ងៃដែលមានសណ្ឋាគារ អ្នកមគ្គុទេសដ៍ទេសចរណ៍ ការធ្វើដំណើរ និងការញ៉ាំអាហារ។ អ្នកអាចធ្វើការសាកសួរព័ត៌មាន និងធ្វើដំណើរកំសាន្តទស្សនាប្រទេសប៊ូតាន់ជាមួយក្រុមប្រឹក្សាទេសចរណ៍នៅក្នុងប្រទេស Tourism Council of Bhutan។ Drukair ជាជើងហោះហើរតែមួយគត់ទៅកាន់ប្រទេសប៊ូតាន់។

Temples-at-Tigers-Nest-perched-precariously-on-vertiginous-cliff_tourist_attraction_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

  • អគារមហិមាទាំង 5 នៅក្នុងលោក

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    ការធ្វើដំណើរជុំវិញពិភពលោក នាំអ្នកឱ្យស្គាល់អ្វីៗប្លែកៗជាច្រើន ដែលភាគច្រើនជានិមិត្តរូបតំណាងឱ្យទីកន្លែងទាំងនោះ។ អ្វីដែលស្រូបទាញអារម្មណ៍របស់អ្នកទាំងអស់នោះគឺបង្កើតឡើងពីគំនិតច្នៃប្រឌិតរបស់មនុស្ស ហើយនៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្...
  • គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

    ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018
    មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់ការធ្វើដំណើរកំសាន្ត គឺខណៈពេលដែលរីករាយ អ្នកក៏ត្រូវការថាមពលគ្រប់គ្រាន់ដែរ ដូច្នេះវាព...
  • 5 ទិសដៅដ៏សំខាន់ដែលអ្នកគួរមកទស្សនានៅក្នុងទីក្រុង...

    ដោយ: ភារុន 9 AM, Friday, 14 Sep, 2018
    ទីក្រុង ឬ ហៅថារាជធានី របស់ប្រទេសកម្ពុជា ដែលមានប្រជាជនមកប្រមូលផ្តុំគ្នារស់នៅច្រើនបំផុត នោះគឺទីក្រុង ភ្នំពេញ។ ទីក្រុងភ្នំពេញក៏មានប្រវត្តិសាស្រ្តដ៏យូរយារណាស់មកហើយ។ ស្ថាបត្យកម្មរបស់ទីក្រុងដ៏ទាក់ទាញ និង តំបន់ជាយក្រុងដែលអ្នកមិនសូវបាន...
  • ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018
    តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំអ្នកទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក។ Nayara Springs ទទួលបានបទពិសោធន៍រស់នៅជា...